នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល (G-Link) ត្រូវបានអញ្ជើញចូលរួមជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងក្រុមហ៊ុន ឡុកហ្វុក កម្ពុជា និងការចាប់ផ្តើមលើកិច្ចសហការដ៏រឹងមាំរវាងក្រុមហ៊ុនទាំងពីរក្នុងដំណើរលើកកម្ពស់ទីផ្សារលោហធាតុមានតម្លៃនៅកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន ឡុកហ្វុក កម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ ក៏ដូចជាភ្ញៀវកិត្តិយស ដើម្បីធ្វើជាសក្ខីភាព និងអបអរសាទរចំពោះការចាប់ផ្តើមភាពជាដៃគូដ៏អស្ចារ្យមួយនេះ។
តំណាងឱ្យក្រុមហ៊ុន G-Link ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទកំពូលរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង លោក ជា សុធា ដែលជានាយកប្រតិបត្ដិនៃក្រុមហ៊ុន បានចូលរួមជាកិត្ដិយស និងសាទរដល់ភាពជោគជ័យនៃពិធីចុះហត្ថលេខានេះ ដោយជឿជាក់ថា វានឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងជួយពង្រីកសកម្មភាព ក៏ដូចជាប្រតិបត្តិការនៅក្នុងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងទីផ្សារលោហធាតុមានតម្លៃផងដែរ។ ឈរលើមុំនៃទស្សនវិស័យវែងឆ្ងាយ កិច្ចសហប្រតិបត្ដិការគ្នានេះ នឹងជួយជំរុញដល់ការអភិវឌ្ឍនៃវិស័យហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសាឈានមុខគេ ក្រុមហ៊ុន G-Link មានមោទកភាពដែលទទួលបានការសម្របសម្រួលពីក្រុមហ៊ុនសមភាគីកណ្ដាល ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង របស់ខ្លួន ដែលនាំឱ្យយើងទទួលបានចំណែកទីផ្សារដ៏ល្អ ជាមួយនឹងកម្រិតស្តង់ដារអន្តរជាតិ និងវិជ្ជាជីវៈខ្ពស់។
ក្រុមហ៊ុន G-Link ត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយក្រុមហ៊ុនសមភាគីកណ្ដាលរបស់យើង ក៏ដូចជាមួយក្រុមហ៊ុន ឡុកហ្វុក កម្ពុជា ហើយយើងនឹងផ្តល់ការគាំទ្ររបស់យើង និងសមត្ថភាពក្នុងការចូលរួមដំណើរ ដើម្បីនាំមកនូវអត្ថប្រយោជន៍សម្រាប់អតិថិជនរបស់យើង និងអ្នកប្រើប្រាស់ទាំងអស់។